នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡាយ អ៉ីពិសិទ្ធ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:២០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ នាវេលា។
សពរបស់ឯកឧត្តម ឡាយ អ៉ីពិសិទ្ធ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តបុទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕